បន្ទាប់ពីពិធីហែជំនួន បានចប់សព្វគ្រប់ ដែលមានការអញ្ជើញចូលរួមយ៉ាងច្រើនកុះករ ពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រីជាភ្ញៀវកត្តិយស គេក៏សង្កេតឃើញមានវត្តមានដ៏ខ្ពង់ខ្ពស់ពីសំណាក់លោកជំទាវគតិព្រឹទ្ឋបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន លោកជំទាវ ឧបនាយករដ្ឋមន្រ្តីប្រចាំការ ម៉ែន សំអន នាយឧត្តមសេនីយ ហ៊ីង ប៊ុនហៀង និងលោកជំទាវ ដែលជាមេបាផ្ទាល់ រៀបចំកម្មវិធីមង្គលការនេះ។
នៅម៉ោង៩និង៣០នាទីព្រឹកមិញនេះ ពិធីកាត់សក់បង្កក់សិរី កូនកំលោះអ៊ុក ណារីម និងកូនក្រមុំ ឆោម ឆពុំ ប្រកបដោយទឹកមុខរំភើបរីករាយឥតឧបមា ដោយក្នុងនោះ ក្រៅពីមាតាបិតាទាំងសងខាង ចូលរួមផ្តល់ជាសក្ខីភាពដល់គូស្វាមីភរិយាថ្មីនេះហើយ ភ្ញៀវកត្តិយសទាំងអស់បានបង្ហាញភាពផ្ញាក់ផ្អើល ខណៈដែលពិធីនេះ មានវត្តមានដ៏ខ្ពង់ខ្ពស់ពីសំណាក់លោកជំទាវគតិព្រឹទ្ឋបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ចូលរួមកាត់សក់បង្កក់សិរីដល់កូនប្រុស កូនស្រីដែលត្រូវបានគេដឹងថាតារាចម្រៀងទាំងពីរដួងនេះត្រូវជាកូនធម៌ របស់សម្តេចនិងលោកជំទាវអស់រយៈពេល៦ឆ្នាំ មកហើយ។
បន្ទាប់ពីពិធីកាត់សក់ចប់ ភ្ញៀវកត្តិយសទាំងអស់បានចូលរួមក្នុងកម្មវិធីបន្តទៀត មានដូចជាកម្មវិធីកាត់ខាន់ស្លា បង្វិលពពិល និង ពិធីព្រះថោងតោងស្បៃនាងនាគជាដើម ដោយម្នាក់ៗ ប្រកបដោយទឹកមុខរីករាយ៕